គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ត្នោតមាស​ឆ្នាំ ២០២៥ៈ ចំណុច​ពិសេសនៃ​ការកែច្នៃផ្លែស្វាយ

កាលបរិច្ឆេទ: ០៨ សីហា ២០២៥ / សុខភាព / Author : admin

កាលពីថ្ងៃទី២៦ កក្កដា មូលនិធិគីណាល់បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ត្នោតមាស ឬ Thnot d’Or ដែលមានអ្នកចូលរួមប្រមាណជាង៤០០នាក់ ទាំងភ្ញៀវជាតិក៏ដូចជាភ្ញៀវអន្តរជាតិ។ កម្មវិធីប្រកាសលទ្ធផលនៃការប្រកួតប្រជែងស្នាដៃសិក្សាស្រាវជ្រាវឆ្នាំ២០២៥ នេះរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអ៊ុច បូររិទ្ធ អនុប្រធានទីមួយព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងវត្តមានរបស់លោកឧកញ៉ាឱសថបណ្ឌិតហៃលីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកក្រុមហ៊ុនខនហ្វីរេល-ប៉េប៉េអឹម។

ជ័យលាភីឆ្នាំនេះគឺសុទ្ធតែមានសមត្ថភាពខ្ពស់ក្នុងការបង្ហាញពីគំនិតច្នៃប្រឌិតរបស់ខ្លួនជុំវិញការកែច្នៃផលិតផលផ្លែស្វាយដែលជាប្រធានបទប្រចាំឆ្នាំ២០២៥។

នៅព្រឹកថ្ងៃដដែលនេះ និស្សិតចំនួនដប់ក្រុមដែលត្រូវបានជ្រើសរើសមកវគ្គផ្តាច់ព្រ័ត្រក្នុងចំណោមនិស្សិតចូលរួមទាំងអស់ចំនួន៦០ក្រុម ត្រូវឆ្លើយសំណួររបស់គណៈមេប្រយោគដែលមានសមាសភាពដូចជា​ លោកបណ្ឌិតប៊ុនតុង បូរ៉ារីន (ប្រធានផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម) លោក ទីម វន ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍនៃមជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស(SEAMEO TED / MOEYS) លោកឡៅ រាសី អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម លោកហ្វីលីព ម៉ូណាំង អគ្គនាយកក្រុមហ៊ុនចម្ការកៅស៊ូមេមត់(Memot Rubber Plantation) និងលោកសុខ សារ៉ង មកពីស្ថាប័នចេញវិញ្ញាបនបត្រសរីរាង្គអន្តរជាតិ Ecocert

បន្ទាប់ពីពិគ្រោះគ្នារួចហើយ គណៈមេប្រយោគបានសម្រេចប្រគល់ពានរង្វាន់ជ័យលាភីទីមួយដែលមានទឹកប្រាក់ចំនួន១០០០ដុល្លារទៅឱ្យក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសម្រាប់ការងារស្រាវជ្រាវច្នៃប្រឌិត «កែច្នៃផ្លែស្វាយឱ្យទៅជាផលិតផលសម្រេច៖ ប៊័រផ្លែស្វាយ តែសំបកស្វាយ និងការវេចខ្ចប់ដោយប្រើវត្ថុធាតុដើមដែលអាចរលាយក្នុងដីដែលធ្វើឡើងពីស្លឹកស្វាយដើម្បីចូលរួមចំណែកថែរក្សាបរិស្ថាន និងជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករ»។

ចំណែកឯជ័យលាភីទីពីរដែលមានទឹកប្រាក់ចំនួន៥០០ដុល្លារបានទៅលើនិស្សិតមួយក្រុមទៀតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដូចគ្នា សម្រាប់ការងារស្រាវជ្រាវកែច្នៃផ្លែស្វាយទៅជាទឹកខ្មេះ។

ចុងក្រោយគេ ជ័យលាភីទីបីបានទៅលើក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺដែលមានទឹកប្រាក់ចំនួន៣០០ដុល្លារ សម្រាប់ការងារស្រាវជ្រាវកែច្នៃផ្លែស្វាយកែវរមៀតទៅជាផលិតផលសម្រេចបីមុខ។

ជាមួយនឹងកាយវិការដ៏គួរឱ្យកោតសរសើរ បន្ថែមពីលើប្រាក់រង្វាន់របស់មូលនិធិគីណាល់ ឯកឧត្តមអ៊ុច បូររិទ្ធបានផ្តល់ជាថិវកាផ្ទាល់ខ្លួនទៅដល់និស្សិតជ័យលាភីទាំងបីក្រុម ដែលមួយក្រុមៗទទួលបានមួយលានរៀល(២៥០ដុល្លារ) ដើម្បីចូលរួមចំណែកលើកទឹកចិត្តការច្នៃប្រឌិតថ្មី និងសហគ្រិនភាពរបស់និស្សិត។

ឯកឧត្តមមានប្រសាសន៍ថ្លែងទៅកាន់អ្នកចូលរួមថា៖ «កម្មវិធីនេះពិតជាគួរឱ្យកោតសរសើរមែន។ គឺបានផ្តល់ឱ្យម្នាក់ៗនូវឱកាសបង្កើនចំណេះដឹងរបស់ខ្លួន និងកសាងអនាគតសម្រាប់ខ្លួនឯងផ្ទាល់ផង សម្រាប់គ្រួសារផង និងសម្រាប់សង្គមជាតិទាំងមូលផង។»

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧកញ៉ាឱសថបណ្ឌិតហៃ​​​ លីអ៊ាង ក៏បានប្រកាសច្របាច់បញ្ចូលគ្នារវាងពានរង្វាន់ត្នោតមាស និងពានរង្វាន់គីណាល់បង្កើតឡើងដោយមូលនិធិគីណាល់ដែលជាអ្នកអនុវត្តគោលនយោបាយទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម- ខនហ្វីរេល។ លោកឧកញ៉ាឱសថបណ្ឌិតលើកឡើងយ៉ាងដូច្នេះ៖ «ការបង្កើតពានរង្វាន់គីណាល់កាលពីឆ្នាំ២០១៣សម្រាប់និស្សិតផ្នែកវេជ្ជសាស្រ្ត និងទន្តសាស្រ្តគឺជាចំណុចចាប់ផ្តើមនៃកិច្ចសន្យារបស់មូលនិធិគីណាល់ក្នុងការជ្រោមជ្រែងការងារស្រាវជ្រាវរបស់យុវជនខ្មែរ។ ដើម្បីបន្តគំនិតផ្តួមផ្តើមនេះ ក្រុមហ៊ុនសហគ្រាសក៏បានបង្កើតពានរង្វាន់ត្នោតមាសសម្រាប់ការកែច្នៃលើកតម្លៃផលិតផលក្នុងស្រុក និងដើម្បីរួមចំណែកលើកកម្ពស់ផលិតផលអាហារសុខភាព។ ពានរង្វាន់ទាំងពីរបានផ្តល់ឱកាសឱ្យយុវជនខ្មែរអាចបញ្ចេញទេពកោសល្យរបស់ខ្លួន និងជាពិសេសជួយដល់ការបង្កើតសហគ្រាសថ្មីៗដើម្បីចូលរួមអភិវឌ្ឍជនបទ និងសេដ្ឋកិច្ចជាតិ»។

លោកឧកញ៉ាឱសថបណ្ឌិតមានប្រសាសន៍សម្តែងក្តីរីករាយថា៖ «សមិទ្ធផល​ទាំងពីរ​នេះ ត្រូវ​បាន​បង្កើត​ឡើង​អស់​រយៈជាង​១០ឆ្នាំមកហើយ​។ ឥឡូវនេះដល់ពេលដែលត្រូវបោះជំហានថ្មីមួយបន្ថែម​ទៀត ដើម្បីធ្វើឱ្យ​​​ព្រឹត្តិការណ៍នេះក្លាយ​ទៅ​ជា​ការ​​​​​​ផ្តល់កម្លាំងចិត្តកាន់តែខ្លាំង ចំពោះអនាគតអ្នក​សិក្សាស្រាវ​ជ្រាវ​វ័យ​ក្មេងនៅ​កម្ពុជា, យើងបានសម្រេចថានឹង​ធ្វើ​ការ​ប្រកាសលទ្ធផល ​ពានរង្វាន់​គីណាល់​ និង​ពាន​រង្វាន់ត្នោតមាស រួម​គ្នា​នៅ​ក្នុង​ពិធីតែមួយនៅ​ឆ្នាំក្រោយ ដោយ​យើង​សង្ឃឹមថា ការ​ច្របាច់បញ្ចូលគ្នានេះ នឹង​ធ្វើ​ឱ្យ​​ពិធី​ប្រគល់​ពានរង្វាន់​នៅ​ឆ្នាំ២០២៦ នឹងមាន​លក្ខណៈ​កាន់​តែ​អធិកអធមជាងឆ្នាំមុនៗ​​»។

កម្មវិធីប្រគល់ពានរង្វាន់នេះក៏ជាឱកាសដ៏ល្អមួយសម្រាប់ថ្លែងអំណរគុណទៅដល់ដៃគូសហការទាំងអស់របស់ក្រុមហ៊ុនសហគ្រាសដែលបានជួយជ្រោមជ្រែងដល់ពានរង្វាន់នេះ មានដូចជាក្រសួងកសិកម្ម ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងពាណិជ្ជកម្ម និងមហាវិទ្យាល័យ សាកលវិទ្យាល័យ និងវិទ្យាស្ថាននានាចំនួន១១គ្រឹះស្ថាននៅទូទាំងប្រទេស ដែលបានបញ្ជូននិស្សិតរបស់ខ្លួនឱ្យមកចូលរួមប្រកួតប្រជែង។ អ្វីដែលថ្មីសម្រាប់ឆ្នាំ២០២៥នេះ គឺស្ថាប័នចេញវិញ្ញាបនបត្រសរីរាង្គអន្តរជាតិ Ecocert បានចូលរួមក្នុងនាមជាអ្នកឧបត្ថម្ភ ជាការបង្ហាញឱ្យឃើញពីសារៈសំខាន់នៃការបេ្តជ្ញាចិត្តរបស់ពានរង្វាន់ត្នោតមាសក្នុងការចូលរួមលើកកម្ពស់វិស័យកសិកម្ម ​ និងការអនុវត្តការកែច្នៃប្រកបដោយនិរន្តរភាពនៅកម្ពុជា។

ពានរង្វាន់ត្នោតមាសបានឈានមកដល់ទីបញ្ចប់ហើយ ដើម្បីឈានទៅបើកទំព័រថ្មី។ លោកឧកញ៉ាឱសថបណ្ឌិតមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «គោលបំណងរបស់យើងគឺធ្វើយ៉ាងណាឱ្យពានរង្វាន់គីណាល់-ត្នោតកាន់តែមានឥទ្ធិពលទាក់ទាញនិស្សិតឱ្យចូលរួមកាន់តែច្រើនឡើងៗ ​ហើយស្របពេលជាមួយគ្នានេះដែរ និស្សិត និងអ្នកស្រាវជ្រាវវ័យក្មេងដែលចូលរួមប្រកួត នឹងទទួលបានការទទួលស្គាល់ពីការងារស្រាវជ្រាវរបស់ខ្លួនក្នុងការចូលរួមចំណែកលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ការលើកតម្លៃបេតិកភណ្ឌរុក្ខជាតិ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា»៕